៣៥- លោភៈ

លោភៈអ្នកចង់ចំណង់ឥតខ្មាស          បានណាស់ខ្វះណាស់សទ្ធាខ្សត់ខ្សោយ

បុណ្យពុំហ៊ានធ្វើទានពុំហ៊ានឱ្យ             ស៊ីផលអំណោយពីព្រេងវាសនា។    

ទោសៈក្បាលរឹងខឹងនឹងគេឯង               ឥតគិតកោតក្រែងថ្លែងពាក្យមុសា   

ពុំបានដូចចិត្តដ្បិតតែតណ្ហា                  នាំឱ្យហិង្សាស្រវានែបនិត្យ។

មោហៈតាក់តែងវង្វេងវិលវល់                អវិជ្ជាខ្វាយខ្វល់ដឹកនាំញាតិមិត្ត

ពួកពាលអប្រិយទាំងបីរួបរឹត                 ដុតរោលកាយចិត្តរកគិតមិនយល់។

រឿងគេទំនេរចេះតែនឹកឃើញ                បុណ្យគេអញ្ជើញចេះតែរវល់

បុណ្យទានតូចតាចថានាំអំពល់          បុណ្យធំមកដល់ថាលុយខ្សត់ខ្សោយ។

លោភៈអ្នកស្មុំសុំឥតអៀនខ្មាស               បានណាស់ខ្វះណាស់អ្នកណាចង់ឱ្យ

ជួយក្នុងថ្ងៃនេះសង្ឃឹមថ្ងៃក្រោយ             ថ្ងៃណាគ្មានឱ្យអាក្រក់គ្រប់ម៉ាត់។

កុសលមានតិចកុំភ្លេចព្យាយាម              អកុសលទាក់ទាមគួរខំកម្ចាត់

សុចរិតរក្សាកុំឱ្យបង់បាត់                      ទុច្ចរិតត្រូវកាត់ហាត់សង្រួមឥន្ទ្រិយ។

ដោយឧបាសក គុយ   សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៦០)

Flag Counter

No comments: