៩៤- ដងទង់ខ្ពស់ល្អ

ដងទង់ត្រង់ខ្ពស់ចាំងឆ្លុះរស្មី                       លំអចេតិយនៃព្រះសាស្តា

ប្រៀបដូចមកុដពេជ្រលំអក្សត្រា             ដូចហ្វូងតារាលំអដួងខែ ។

ទង់ជាប្រធានអ្នកមានកេរ្តិ៍ឈ្មោះ             បុណ្យល្អខ្ពង់ខ្ពស់មានទង់នៅក្បែរ

មើលពីចម្ងាយក៏ឃើញទង់ដែរ                  ទង់តាមដង្ហែបុណ្យដែលប្រណីត។

អ្នកមានសទ្ធាមិនទាន់ខ្លាំងក្លា                  ឃើញទង់កាលណាជ្រះថ្លាក្នុងចិត្ត

ទង់ឈរតំណាងអ្នកសាងសុចរិត            បុណ្យខ្ពង់ខ្ពស់ពិតឥតអាប់រស្មី។

អ្នកប្រព្រឹត្តធម៌ធម៌តែងទ្រទ្រង់               អ្នកកសាងទង់ខ្ពង់ខ្ពស់ប្រពៃ

អ្នកអនុមោទនាជាអ្នកឆ្លាតវៃ                    ខ្ពង់ខ្ពស់ផុតភ័យជាមួយអ្នកសាង។

បើនៅមានជាតិក៏មិនអាប់យស              ចាប់ភពខ្ពង់ខ្ពស់រស់មានសំណាង

សីលទានក៏ធ្វើដងទង់ក៏សាង                   រក្សាភ័ស្តុតាងខាងសេចក្តីសុខ។

សូមអនុមោទនា!!!

ដោយឧបាសក គុយ   សុធន

(សៀវភៅឧបមាភាសិត ៤៩, ទំព័រ១០១)

Flag Counter

No comments: