៩៣- ព្រៃឫស្សី

សូរសព្ទសាសងសរសើរសង្សារ              ចង់ចូលចរចាចាប់ចិត្តចាំចង

បបោសបីបាច់បើបានបៀតបង                 ដណ្តឹងដប់ដងដុនដាបដិតដាម។ 
លួចលាក់លលេងលិចលង់លបលោត     រហេតរហូតរហេមរហាម  រសាប់រសល់រសេមរសាម                 ដឹងដល់ដៀមដាមដោះដៃដេញដោល។

បែកបាក់បាត់បង់បបួលបែរបន់              តាមតែតូចតន់តឹងតែងតែលតោល

ចចេសចូលចាប់ចុះចាញ់ចាកចោល        បំបរបំបោលបំបែកបំបាក់ ។

ស្នូរស្នស្នាមស្នាស្នេហ៍ស្នងស្និទ្ធស្នាល        អ៊ីអ៊ំអុចអាលអល់អែកអន់អាក់

ថ្លើមថ្លៃថ្លាថ្លែងថ្លោះធ្លោយថ្នាំងថ្នាក់         ប្រឹងប្រែងប្រើប្រាក់ប្រែប្រួលគូព្រេង។

រឿងរ៉ាវរៀបរាប់ចប់ឥតខ្លឹមសារ              រឿងរ៉ាវស្នេហាវិលវល់វង្វេង

បើរស់អត់សីលគ្មានធម៌ទប់ជ្រែង            ទោះអាយុវែងវែងតែវេលា ។

សែសិបប្រាំបីវ័យវឌ្ឍនាការ                       ប្រាំងទល់វស្សាឈឺពុំសូវជា

បើស្អែកមិនស្លាប់យើងបានជួបគ្នា           ស្តាប់ធម៌សន្ទនាចម្រើនបារមី។

ចូលសែប្រាំបួនជួនជួបគុណគាប់            បុណ្យធំជាទ្រព្យជួនខួបឆ្នាំថ្មី

នៅវត្តវេឡុវន័ហៅព្រៃឫស្សី                       ឆ្លងព្រះចេតិយឆ្លងខ្លោងទ្វារផ្លូវ។

ខ្ញុំកើតមិនទាន់វេឡុវន័ស្រុកព្រះ              តែបានប្រទះវេឡុវន័ឥឡូវ

ចំថ្ងៃកំណើតហើយចែកសៀវភៅ            អានឱ្យចប់ទៅហើយទុកឱ្យគង់។

ព្រោះការចេះចាំទោះច្រើនឬតិច            អាចភ្លាំងភ្លាត់ភ្លេចក្លាយទៅជាល្ងង់

បើមានគម្ពីរទុកជួយទ្រទ្រង់                       បើភ្លេចក៏គង់នៅមានទីអាង។

សំណល់សំណៅសំណេរសំណព្វ            ពេលខ្លះមានភ័ព្វក្លាយជាសំណាង

អ្នកប្រាជ្ញមានក្បួនទុកជាទីអាង                 រក្សាភ័ស្តុតាងទុកមិនឱ្យបាត់។

ដូចស្តេចមានទ័ពទុកជាកម្លាំង                  ពេលមានចោរខ្មាំងទ័ពចេញកម្ចាត់

បណ្ឌិតមានបុណ្យទុកជាសម្បត្តិ               អប់រំហ្វឹកហាត់សតិបញ្ញា។

រីឯធម្មជាតិលើភពផែនដី                           ភ្លឺដោយរស្មីនៃដួងសុរិយា

សូមឱ្យសព្វសត្វមានចិត្តភ្លឺថ្លា                   ដោយមានបញ្ញាជាដួងរស្មី។

ខ្យល់ជំនោរធ្លាក់ត្រជាក់សព្វសាយ          ត្រជាក់ផ្លូវកាយនៃជនប្រុសស្រី

សូមឱ្យសព្វសត្វត្រជាក់ហឫទ័យ            ដោយទឹកមន្តនៃទឹកចិត្តមេត្តា។

សូមកុំចាញ់បោករៀងសង្សារវដ្ត             សូមកុំភ្លាំងភ្លាត់ផុងភក់តណ្ហា

សូមផ្លោះរំលងឆ្លងភពអន្ធការ                    ផុតវដ្តសង្សារដល់ត្រើយនិព្វាន។

ដោយឧបាសក គុយ  សុធន
                                                   
                                                            (សៀវភៅឧបមាភាសិត ៤៩, ទំព័រ៩៩)

Flag Counter

No comments: