២៤- កុំភ្លេចបរលោក


ការស្លាប់ជាច្បាប់នៃជីវិត               តែលោភៈចិត្តនាំសោកា

ភ្លេចគិតការស្លាប់ជាធម្មតា            ជនគ្រប់រូបាស្លាប់គ្រប់គ្នា។

ទោះស្តេចសេដ្ឋីមន្ត្រីរាស្ត្រ              កុំមានមានះអាងទ្រព្យា

ភ្លេចសេចក្តីស្លាប់ភ្លេចជរា              មច្ចុទាមទារទើបភ័យស្លន់ ។

រឿងយសរឿងសក្តិមាសប្រាក់ក្តី      ពេលរស់មានន័យនាំបំភាន់

មើលងាយគេឯងអាងខ្លួនគ្រាន់      គិតតែបច្ចុប្បន្នភ្លេចបរលោក។

ឬថាខ្លួនរស់រហូតទៅ                    ឥតមានអាស្រូវឥតសោយសោក

ប្រយ័ត្នខន្ធប្រាំបន្លំបោក                 រាល់រឿងស្មោកគ្រោកត្រូវកម្ចាត់។

ភ្លៀងធ្លាក់ទឹកកាត់ក្អាត់ស្រែកយំ     អាសូរខ្លួនខ្ញុំកើតជាក្អាត់

ពុំបានធ្វើបុណ្យដ្បិតជាសត្វ           តែមិនបំបាត់លួចប្លន់ទេ ។

រស់មានជីវិតទោះមនុស្សសត្វ        រកស៊ីខ្វែងខ្វាត់ឥតទំនេរ

មិនត្រូវឆបោកលួចប្លន់កែ             គួរតែរិះរេរកផ្លូវត្រូវ ។

មានក្រគ្រាន់តែកំដរចិត្ត                ពេលអស់ជីវិតចិត្តប្រាសទៅ

រឿងមានឬក្រឥតនាំផ្លូវ                  អ្នកដែលនាំទៅគឺផលកម្ម ។

ដោយឧបាសក គុយ   សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥០)

Flag Counter

No comments: