២៨- មានអ្វីមិនស្មើនឹងមានបញ្ញា


អ្នកមានកំហុសធ្វើអ្វីក៏ភ័យ                    អ្នកមានវិន័យធ្វើអ្វីក៏សម

អ្នកមានសម្បត្តិជួនទុក្ខក្រៀមក្រំ             អ្នកល្អឧត្តមគឺមានបញ្ញា ។


ទោះមានឬក្រឥតអង្វរចិត្ត                     សាងតែសុចរិតឥតចោលមេត្តា


គោរពស្រឡាញ់ជនគ្រប់អាត្មា               ជួយទុក្ខធុរៈគ្នាគ្រប់គ្រាអាសន្ន។   


បើឃើញគេល្អជួយអរដោយស្មោះ          ឃើញគេខុសទាស់ប្រាប់ឥតបំភាន់   


ជួយជាយោបល់ដូចផ្តល់រង្វាន់               ឥតគិតគ្នេរគ្នាន់ទាន់ខុសនៅស្រាល។


សេពគប់នឹងធម៌ល្អបវរពិត                    សេពគប់បណ្ឌិតពិតល្អគ្រប់កាល   

សេពគប់ជនពាលៗតែងអុជអាល        រឿងតូចខុសស្រាលរាលដាលធំបាន។ 
 
ប្រព្រឹត្តឥតយល់ផលអ្នកដទៃ                 នឿយហត់រាល់ថ្ងៃអាស្រ័យចង់មាន


បុណ្យបាបឥតគិតប្រព្រឹត្តបំពាន            រឿងសីលបុណ្យទានឥតមានសទ្ធា។


អ្នកមានបញ្ញាមេត្តាជានិច្ច                     ទោះទ្រព្យមានតិចក៏ចិត្តជ្រះថ្លា


ធ្វើបុណ្យឱ្យទានអាស្រ័យបញ្ញា              សុខគ្រប់ប្រការរហូតនិព្វាន។


ដោយឧបាសក គុយសុធន

(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥៤)

Flag Counter

No comments: