៧៦- ខ្លួនកាន់តែចាស់ចិត្តកាន់តែក្មេង

ចិត្តអើយចិត្តចងចំណងជីវិត                 កើតរលត់ពិតតែចិត្តនៅចាំ

ចេះប្រកាន់ខ្លួនគុំកួនរាប់ឆ្នាំ                    ចិត្តចងក្រងកម្មចាំទៅជាតិមុខ។


ចិត្តអើយចិត្តរឹងខឹងថែមឥស្សា                ចិត្តចង់ប្រាថ្នាឱ្យរួចផុតទុក្ខ


តែចិត្តឥតស្ងប់ដូចជាប់ក្នុងគុក                ប្រាថ្នាច្រើនមុខទុក្ខព្រោះចិត្តឯង។


ចិត្តអើយចិត្តពិតឥតមានរូបកាយ            ចង់តែសប្បាយឥតគិតកោតក្រែង


នាំឱ្យសត្វលោកសោយសោកចំបែង         ចិត្តទាញគេឯងទម្លាក់អវីចី។


ចិត្តច្រើនម៉ឺនសែនអួលណែនដើមក         ខ្លួនជាអ្នកក្រចិត្តជាសេដ្ឋី


ពេលខឹងក្ឌុងក្ឌាំងខ្លាំងដូចដំរី                  ខូចខាតដេកដីដួលដូចគោចាស់។


ចិត្តហ៊ានបំពានអាងគ្មានរូបកាយ           ទៅជិតឬឆ្ងាយប្រព្រឹត្តផ្តេសផ្តាស


ចិត្តគុំកួនគ្នាចងពៀរកម្មក្រាស់           ចិត្តស្មុគស្មាញណាស់វិលវល់ដូចផ្សែង។


ចិត្តឥតភក្ត្រាអ្នកណាអាចស្គាល់            ចិត្តមានល្បិចកលក្បត់គេក្បត់ឯង


ក្បត់ទាំងសម្តីដែលខ្លួនសម្តែង                ក្បត់ទាំងខ្លួនឯងនាំឆ្កួតវង្វេង។


ចិត្តអើយចិត្តហ៊ានបំពានឥតខ្មាស           ខ្លួនកាន់តែចាស់ចិត្តកាន់តែក្មេង


ខ្លួនជាអាចារ្យចិត្តជាអ្នកលេង                 លួចលាក់កិបកេងលែងគិតការងារ។


ចិត្តអើយឥតក្រែងចិត្តឯងអាងអ្វី             ទោះស្តេចសេដ្ឋីចិត្តហ៊ានបញ្ជា


នាំអ្នកមានប្រាក់ឱ្យឆ្កួតច្រើនគ្នា              ស្រីស្រាបារបៀចិត្តតែងនាំទៅ។


ត្រូវតែរៀនរស់ស្វែងរកវិជ្ជា                    រកអ្នកការពារទប់ចិត្តអាស្រូវ


កុំឱ្យចិត្តទាក់ទម្លាក់ខុសផ្លូវ                     យកល្អគឺត្រូវអប់រំចិត្តឯង។


ដោយឧបាសក គុយសុធន


( សៀវភៅវិធីរម្ងាប់សេចក្តីក្រោធទំព័រ ៥៩)


Flag Counter

No comments: