៨៣- ទារុណស្ត្រី

គំរូជីវិតកម្រិតវាសនា                            គម្រោងតណ្ហាគំរាមរឿងពិត

គម្លានចង់ឆ្ងាញ់កំណាញ់ស្វាញស្វិត        កម្លៅបាំងបិទកម្រិតភពថ្មី។

កំណើនភោគផលកំណល់វណ្ណៈ            គំនរមាសប្រាក់អន្ទាក់លោកិយ

កំហឹងខ្លួនឯងកំហែងស្មារតី                   កំហុសអប្រិយកំហែងចិន្តា។

កំណល់បាក់ភ្លាត់កំណត់ទុក្ខភ័យ           កំណែខុសន័យកំណួចបញ្ហា

គំនុំគុំកួនគំនិតឫស្យា                            គំនូសស្នេហាគំនាបគាបចង។

កាលនៅផ្ទះស្លឹកដំបូលធ្លុះធ្លាយ             គិតថាពុំងាយរកប្តីដូចបង

បាំងភ្លៀងឱ្យអូនបីកូនត្រកង                  ភ្លៀងយប់ម្តងៗបងឥតនិន្ទ្រា។

កាលនៅនឿយហត់កម្សត់ក្រីក្រ             មានចិត្តស្មោះសរដល់គ្នានឹងគ្នា

ក្រោយពេលរកបានមានទ្រព្យធូរធារ       បែរភ្លេចភរិយាទៅមានស្រីថ្មី។

មាសប្រាក់សម្បូរផ្លាស់ប្តូរប្រពន្ធ             នេះជាទារុណសម្រាប់ស្ត្រី

កូនឈឺយប់ស្ងាត់បាត់ស្រមោលប្តី           ធ្វើឱ្យទ្រូងស្រីចំបែងពេកក្រៃ។

ការងារស្ត្រីគ្មានអ្វីធ្ងន់ទេ                        តែគ្មានទំនេរទេក្នុងមួយថ្ងៃ

បោសជូតសំអាតបោកគក់ញាប់ដៃ         ដាំស្លកែច្នៃសម្រាប់គ្រួសារ។

ការងារច្រើនពិតស្រីឥតសំណាង            ព្រោះឥតភស្តុតាងផលនៃកិច្ចការ

លាងចានដុសឆ្នាំងឥតមានខ្លឹមសារ         ធ្វើម្ហូបអាហារហូបអស់គ្មានសល់។

ជាតិជាស្ត្រីមានភ័យច្រើនយ៉ាង              បើមានសំណាងអាចធូរកង្វល់

ពេលជួបវិបត្តិបន្សាត់តាមខ្យល់              ពេលមានកង្វល់រកធម៌មកកាត់។

មោហៈចាត់ចែងតែងនាំវង្វេង                 ទំនាស់ទាស់ទែងតែងមានវិបត្តិ

ធម្មៈគ្រប់យ៉ាងតែងតែមានអត្ថ               គ្រប់ការបដិបត្តិតែងមានទិសដៅ។

ភ្លើងក្រុងឬស្រែតែងតែមានផ្សែង            ចិត្តឥតចេះក្រែងតែងនាំហ្មងសៅ

សុរិយាចាំងចែងតែងមានកម្តៅ              គប់អ្នកល្ងង់ខ្លៅតែងតែវិនាស។

ចន្ទចាកពពកតែងចាំងរស្មី                    ផុតពេលរាត្រីសុរិយាតែងរះ

បូជាព្រះពុទ្ធតែងមានតេជះ                   បូជាធម៌ព្រះតែងមានបញ្ញា។

ព្រះធម៌មែនពិតឥតគិតប្រុសស្រី            អ្នកមានស្មារតីគោរពជ្រះថ្លា

ទ្រទ្រង់ព្រះធម៌ធម៌តែងរក្សា                   ឆ្លងវដ្តសង្សារដល់ត្រើយសុខសាន្ត។

ដោយឧបាសក គុយ  សុធន


(សៀវភៅជំនួយសតិភាគ ៩ទំព័រ ២៣៩)

Flag Counter

No comments: