២២- ឈ្នះអ្វីមិនស្មើឈ្នះខ្លួនឯង

ជ្រៃដុះលើត្នោតបញ្ឆោតសត្វជ្រឹង           ទាបខ្ពស់ឥតដឹងខំប្រឹងផ្កាផ្លែ

ចង់ឈ្នះចង់ខ្ពស់ចង់ឈ្មោះពូកែ              លើគេល្អដែរតែពិបាកដើរ ។

យកឈ្នះចាញ់គ្នាមានអ្វីប្រពៃ                ឈ្នះអ្នកដទៃមានអ្វីគ្រាន់បើ

បើឈ្នះខ្លួនឯងនោះទើបប្រសើរ              កុំឱ្យខន្ធប្រើបម្រើតណ្ហា។

ខំសាងសីលទានមានឈ្មោះឧត្តម           កុំភាន់ច្រឡំរួមផ្សំឥស្សា

នាំបែកសាមគ្គីចេញពាក្យវាចា               ដោយហិង្សាថា មានគេអត់ខ្ញុំ។

ស្ថានមួយធំណាស់មានអ្វីចង្អៀត            បើនៅទើសទៀតមានអ្វីសមរម្យ

បើមិនសង្រួមគុណធម៌រលំ                    ទោះសីលប៉ុនភ្នំក៏ត្រូវបាត់អស់។

ផ្ទះតូចចង្អៀតអាចជ្រៀតនៅបាន           ចង្អៀតសន្តានឥតមានចន្លោះ

បើគោរពធម៌អាចជួយរំដោះ                  ព្រះធម៌ជួយប្រស់ឱ្យចិត្តទូលាយ។

ដោយឧបាសក គុយ   សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៤៨)

Flag Counter

No comments: