៩៦- សូមពិចារណា

សុរិយាចែងចាំងជះចោលរស្មី                       បំភ្លឺផែនដីម្រឹគព្រៃស្រស់ស្រាយ

កំពុងហែហមអមសាមសប្បាយ             ស្រាប់តែប្រែក្លាយរងទុក្ខខ្លោចផ្សា។

សាមសែនចុកចាប់សព្វសាច់សរសៃ        ព្រួញពិសប្រលយឥតក្តីមេត្តា       

សាមសែនស្រណោះមាតាបិតា              ខ្លួនមួយយ៉ាងណាទោះស្លាប់មិនថ្វី។

មាតាបិតាពិការភាពពិត                                នេត្រាងងឹតពិតអត់ចំណី

បើអត់ពីសាមលោកពិតជាក្សយ             ជីវិតទាំងបីរួមក្តីមរណា ។

តែជីវិតថ្លៃបារមីបុណ្យខ្ពស់                          មិនត្រូវស្លាប់ព្រោះព្រួញពិសប្រហារ

អ្នកដែលបាញ់សាមប្រែតាមរក្សា            ទាំងទេពធីតាក៏ជួយគាំពារ ។

សាមត្រូវព្រួញពិសតែមិនមរណា           មាតាបិតានេត្រាក៏ជា

បានសះស្បើយរោគទាំងបីអង្គា              រួចទុក្ខគ្រាំគ្រាដោយបុណ្យបារមី។

ចុះយើងបានថែម៉ែឪដែរឬ                               ពេលម៉ែឪឈឺតើយើងធ្វើអ្វី

សីលទានបានសាងខ្លះដែរឬអី                     ពេលជួបទុក្ខភយតើអាងអ្វីដែរ។

ផល្គុនឆ្នាំឆ្លូវនៅបាត់ដំបង                               ប្រារឰបុណ្យឆ្លងចេតិយឪម៉ែ

នៅបូជនីយដ្ឋានកសាងហូរហែ                    ក៏ឆ្លងច្រើនដែរខែពេញបូណ៌មី។

ឆ្លងទាំងបល្លង្កតាំងបដិមា                                មាតាបិតានៃព្រះជិនស្រី

មុខព្រះគន្ធកុដិក្បែរធម្មចេតិយ               ឆត្ររួតសិរីអមរូបចម្លាក់។

ឆ្លងរូបតំណាងសាងពីថ្មដា                             កាលព្រះសាស្តាសម្តែងធម្មចក្ក

ប្រោសបញ្ចវគ្គីយ៍ក្នុងព្រៃនាមដាក់          ឥសិបតនមិគទាយវន័ ។

ឆ្លងទាំងអគារធម្មាសនៈ                                តម្កល់ធម្មចក្កច្រើនថ្នាក់ច្រើនជាន់

បាលីប្រែខ្មែរពិស្តារគ្រប់គ្រាន់                        ជូនជារង្វាន់ដល់ជនទាំងឡាយ។

ដែលមកដល់ហើយមានចិត្តជ្រះថ្លា         សូធ្យអានអក្ខរាបាលីសម្រាយ

បានអានិសង្សតទៅវែងឆ្ងាយ                          បិទបាំងអបាយបើកផ្លូវសួគ៌ា 

ឆ្លងខឿនព្រះពោធិ៍ព្រះពុទ្ធទ្រង់ផ្ទំ            ជាទីមនោរម្យដល់ជនគ្រប់គ្នា

បានមកដល់ហើយគោរពបូជា                       អង្គព្រះភគវាកំពុងទ្រង់បាត្រ។

សាវកទាំងឡាយគង់អមព្រះអង្គ            គ្រងចីវរស្បង់តាមពុទ្ធោវាទ

ទាំងព្រះអានន្ទគង់ឥតប្រមាទ                    ប្រដាប់ដោយបាត្រតាមព្រះសាស្តា។

ព្រះមហាកស្សបៈគង់ថ្នាក់មុខដែរ           និមន្តហូរហែក្បែរព្រះភក្ត្រា

ព្រះមហាមោគ្គល្លានមានឫទ្ធិអស្ចារ្យ       មន្តជាប់ហត្ថាព្រះសារីបុត្ត។

ឯព្រះរាហុលជាអង្គសាមណេរ                    ដែលតូចជាងគេមន្តក្រោយបំផុត

ព្រះនាងពិម្ពានិងព្រះរាជបុត្រ                     មានចិត្តបរិសុទ្ធផុតរឿងអាស្រូវ។

ក្រពើស្មៅធំចូលល្អាងភ្នំតូច                          និម្មិតខ្លួនដូចប្រែតូចវិញទៅ

ដេកមាត់ល្អាងភ្នំបឹងទឹកមិនជ្រៅ            យកទីធ្លាប់នៅថ្វាយព្រះអង្គផ្ទំ។

ថ្វាយដល់ព្រះមហាសាវកទាំងឡាយ       និមន្តពីឆ្ងាយទ្រង់មកជួបជុំ

នៅបូជនីយដ្ឋានសុខសាន្តមនោរម្យ         ជាទីប្រជុំនៃព្រះអរហន្ត។

បុណ្យយើងគ្រប់គ្នាជាបុណ្យខាងខ្នើត     ទាំងខួបកំណើតចម្រើនព្រះជន្ម

ចែកជូនសៀវភៅនេះជារង្វាន់                    អានទៅក្រែងគ្រាន់អន់គិតខ្វល់ខ្វាយ។

អ្នកដែលមកមានឧបនិស្សយ                         កើតបីតិក្រៃរីករាយសប្បាយ

បើមិនបានមកពិតជាសោកស្តាយ           ទោះបីជិតឆ្ងាយគួរមកមូលមិត្ត។

សូមបុណ្យដែលយើងព្យាយាមពុះពារ    មករួបរួមគ្នាទាំងឆ្ងាយទាំងជិត

មិនថាថ្ងៃក្តៅឬយប់ងងឹត                                 ចាយទ្រព្យខ្លួនពិតពុំគិតក្រមាន។

ប្រសិនបើនៅមានជាតិកំណើត              សូមតាំងពីកើតរហូតនិព្វាន

កុំឱ្យស្គាល់អត់កុំឱ្យស្គាល់ឃ្លាន                      សូមកុំឱ្យមានរោគាទាំងឡាយ។

ម៉្យាងសូមប្រគេនបុណ្យដល់ព្រះសង្ឃ     សូមសុខគ្រប់អង្គកុំបីអន្តរាយ

សូមកុំចាញ់កលស្រីមិនមេម៉ាយ             ចំណាយដើរក្តីលែងប្តីយកលោក។

រឿងនេះគួរឱ្យអសោចខ្លាំងណាស់       សាងបាបកម្មក្រាស់រស់នៅស្មោកគ្រោក

ប្តីមានទៅហើយថែមទាក់យកលោក       យកប្រាក់ទៅសូកប្តឹងលែងលះប្តី។

សូមបុណ្យនានាជួយជាប្រធាន                    សូមកុំឱ្យមានរឿងយ៉ាងហ្នឹងអី

សូមមេធាវីជួយខាងស្វាមី                              នោះលោករួចភយផុតក្តីអន្តរាយ។

សូមឱ្យគ្រួសាររស់ជួបជុំគ្នា                             កុំឱ្យកំព្រាដល់កូនទាំងឡាយ

ទុកលោកធ្វើបុណ្យឱ្យបានវែងឆ្ងាយ        បានសុខសប្បាយគ្រប់គ្នាទៅហោង។

ដោយឧបាសក គុយ   សុធន

                                                   ( សៀវភៅព្រះពោធិសត្វភាគ ២, ទំព័រ១៣៤)

Flag Counter

No comments: