៧៩- ខ្ញុំភ្ញាក់ខ្លួនហើយ!

នៅពេលស្រេកឃ្លានដឹងរសជាតិឆ្ងាញ់     នៅពេលស្រឡាញ់ដឹងភាពល្អស្អាត

នៅពេលអស់ដើមដឹងពិតជាខាត            នៅពេលប្រមាទខាតទាំងជីវិត។

កាប់គាស់លីសែងដឹងកម្លាំងកាយ           ជួបភយន្តរាយដឹងកម្លាំងចិត្ត

ពេលធ្លាក់ខ្លួនក្រដឹងចិត្តញាតិមិត្ត           រស់ក្បែរយូរពិតឥតដឹងកិលេស។

នៅពេលលើកថ្លឹងដឹងពីទម្ងន់                នៅពេលដឹកធ្ងន់ដឹងធុនរទេះ

បររថផ្លូវឆ្ងាយដឹងកម្លាំងសេះ                 ស្តាប់ធម៌គង់ចេះដឹងខុសឬត្រូវ។

កាលមិនស្តាប់ធម៌ វឹកវរខ្លាំងណាស់        មិនគោរពចាស់មិនស្តាប់ម៉ែឪ

ដើរលេងភ្លើតភ្លើននាំរឿងអាស្រូវ            បំផ្លាញម៉ែឪអស់ស្រូវអស់ស្រែ។

ពុំចូលសាលាវក់ល្បែងគ្រឿងញៀន        គ្រូខំទូន្មានក៏ឥតស្តាប់ដែរ

ធ្វើឱ្យម៉ែឪរងទុក្ខឥតល្ហែ                        ជីវិតឪម៉ែអាប់ឱនរស្មី។

រដូវត្រជាក់ដឹងអ្នកស្បែកល្អ                   បានស្តាប់ព្រះធម៌កូនភ្ញាក់ស្មារតី

គប់មិត្តព្រះធម៌រកសុខសិរី                     រក្សាខន្តីលុបស្នាមដំបៅ។

ម៉ែឪនៅក្មេងឥតមានទាមទារ                 ពេលចាស់ជរាដឹងចិត្តកូនចៅ

ធ្វើអ្វីពុំកើតការងារក្នុងក្រៅ                    ចង់ពឹងកូនចៅឱ្យនៅកំដរ។

អវិជ្ជាមានធម៌ជាគ្រឿងបំភ្លឺ                    ចន្ទមានពន្លឺជាគ្រឿងលំអ

ម៉ែឪមានកូនជាអ្នកបន្ត                         មនុស្សដែលបវរលំអដោយសីល។

ដោយឧបាសក គុយសុធន

(សៀវភៅសុខចិត្ត និងគុណភាពនៃជីវិតទំព័រ ១៣៣)

Flag Counter

No comments: