៣៧- អាក្រក់បាត់ល្អ


សមុទ្រគ្រប់រដូវត្រូវតែទឹកប្រៃ                 ភ្លើងទោះយប់ថ្ងៃគឺត្រូវតែក្តៅ

មានជាតិកំណើតត្រូវតែសោកសៅ          ម៉ែឪកូនចៅកើតត្រូវតែស្លាប់។

ហេតុនេះរស់នៅត្រូវកុំប្រមាទ                ប្រព្រឹត្តល្អស្អាតត្រូវតាមផ្លូវច្បាប់

សាងតែកុសលរហូតដល់ស្លាប់               ចូររង់ចាំស្តាប់ចាប់ចំណាំទុក។

ប្រព្រឹត្តដូចសត្វបាត់បង់មនុស្សធម៌         បង្កើតវឹកវរបាត់សន្តិសុខ

ប្រព្រឹត្តតាមពាលរមៀលចូលគុក           ឱ្យគេកើតទុក្ខមុខឆ្ពោះអបាយ។

ប្រព្រឹត្តភូតភរបាត់បង់សច្ចៈ             ប្រព្រឹត្តលួចលាក់បាត់ភាពស្រស់ស្រាយ

ប្រព្រឹត្តផិតក្បត់ចូលក្បួនមហន្តរាយ       ទៅរកសប្បាយឥតស្តាយកិត្តិយស។

បង្កទំនាស់បាត់អស់មិត្តភាព                  ប្រព្រឹត្តថោកទាបបាត់ភាពខ្ពង់ខ្ពស់

ជាប់ទោសមានទុក្ខមុខបាត់សម្រស់         ជីវិតនៅរស់បាត់អស់សេរី ។

ប្រព្រឹត្តសុចរិតឥតក្តៅក្រហាយ        បុណ្យទានឥតស្តាយចំណាយមានន័យ

ប្រៀបដូចកំណប់កប់ទុកក្នុងដី               នៅនាលោកិយឥតភយន្តរាយ ។

ជាតិនេះរិះរកយកផ្លូវបណ្ឌិត             ដល់ជាតិក្រោយពិតស្ងប់ចិត្តសុខកាយ

បន្តសីលទានឥតមាននឿយណាយ        បានសុខសប្បាយរហូតនិព្វាន។

ដោយឧបាសក គុយ   សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៦២)

Flag Counter

No comments: