៩៩- ដាក់អាយុសង្ខារ-បរិនិព្វាន

អាកាសត្រជាក់ធ្លាក់ជំនោរ             តាមព្រែកទឹកហូរសូររងំ

ស្រណោះវាលស្រែខែក្អាត់យំ         ម៉ែឪនៅជុំសុខសប្បាយ ។

ថ្ងៃហើយនិងយប់កន្លងទៅ            បន្សល់ទុកនៅរឿងទាំងឡាយ

អ្នកស្លាប់បាត់បង់ទាំងរូបកាយ        អ្នករស់ខ្វល់ខ្វាយជាធម្មតា។

អង្គព្រះទ្រង់ញាណមានតេជះ       សម្តែងប្រាប់ព្រះអានន្ទថា

រទេះដែលចាស់បរទៅណា               ទៅបានដោយសារអបឫស្សី។

តថាគតចាស់គ្រាំគ្រាហើយ            ម្នាលអានន្ទអើយមានមាំអី

ដូចរទេះចាស់អបឫស្សី                   វស្សាឆ្នាំថ្មីប៉ែតសិបហើយ។

ក្រោយព្រះអានន្ទទ្រង់ចេញផុត     ពីព្រះសម្ពុទ្ធមិនយូរឡើយ

ក្រោយភត្តាហារថ្ងៃត្រង់ហើយ        មារមិនកន្តើយគាល់សាស្តា ។

ឆ្នាំម្សាញ់ខែមាឃថ្ងៃអាទិត្យ            ពេញបូណ៌មីពិតថ្ងៃនោះណា

ព្រះអង្គទ្រង់ដាក់អាយុសង្ខារ         ចំពោះមុខមារគ្រានោះឯង ។

នៅនាបាវាលចេតិយ                        ក្បែរវេសាលីក្រៅកំផែង

កក្រើកធរណីគ្រប់កន្លែង                 ផ្គរលាន់ខ្វាត់ខ្វែងខ្ទរអាកាស។

ក្រោយមកភិក្ខុជួបជុំគ្នា                     អង្គព្រះភគវាទ្រង់បានត្រាស់

សម្តែងគាថាអស្ចារ្យណាស់              រំលឹកយ៉ាងច្បាស់ត្រាស់ឱវាទ។

ទ្រង់បានត្រាស់ថាសង្ខារទាំងឡាយ តែងតែអន្តរាយវិនាសខូចខាត

ចូរអ្នកទាំងឡាយកុំបីប្រមាទ          ប្រឹងប្រែងសង្វាតឱ្យសម្រេចការ។

ភាជន៍ដែលស្មូនឆ្នាំងដំដុតដោយដី តូចក្តីធំក្តីឆៅឆ្អិនយ៉ាងណា

ចុងក្រោយរមែងតែងមានកិរិយា     បែកធ្លាយធម្មតានេះជាការពិត។

យ៉ាងណាជីវិតសព្វសត្វនិករ           ក្មេងចាស់មានក្រពាលឬបណ្ឌិត

ចុងក្រោយរមែងតែងតែស្លាប់ពិត    បាត់បង់ជីវិតក៏យ៉ាងនោះដែរ។

ជីវិតតថាគតមានប្រមាណតិច       គោរពពាក្យពេចន៍ឥតគេចកែប្រែ

ពីថ្ងៃនេះទៅនៅត្រឹមបីខែ                 តថាគតត្រូវតែបរិនិព្វាន។

បីខែកន្លងយ៉ាងរហ័ស             សែនសោកស្តាយណាស់ព្រះទ្រង់ញាណ

វេលាជិតភ្លឺទ្រង់ចូលឈាន               ហើយចូលនិព្វានកណ្តាលព្រៃ។

ក្នុងខែពិសាខថ្ងៃអង្គារ                      ឆ្នាំម្សាញ់វេលាចុងរាត្រី

ថ្ងៃដប់ប្រាំកើតពេញបូណ៌មី             បរិស័ទប្រុសស្រីជុំត្រៀបត្រា។

ទីទ្រង់និព្វាននោះតាំងនៅ                ក្បែរផ្លូវទៅក្រុងកុសិនារា

រាំងភ្នំមួយគូសាលព្រឹក្សា                  មានផ្ទាំងសិលានៅចន្លោះ។

កុំថាឡើយមនុស្សសោយសោកា     សូម្បីទេវតាស្ថានទាំងអស់

យំសោកបោកប្រាណស្តាយស្រណោះ    លាន់កក្រើកអស់ភពផែនដី។

ទីទ្រង់និព្វាននោះឥឡូវ                    មានស្តូបតាំងនៅល្អប្រិមប្រិយ

សំគាល់ទីដែលព្រះជិនស្រី               និព្វានលើដីកុសិនារា។

ក្នុងស្តូបមានព្រះបដិមាថ្ម                 កសាងយ៉ាងល្អគួរជ្រះថ្លា

តំណាងព្រះសពព្រះសាស្តា            ស្តូកស្តឹងកាយាសែនអាសូរ។

អ្នកទៅដល់ពិតចិត្តដិតជាប់             ឃើញដូចព្រះសពនៅជ្រងោ

មានស្បង់ចីវរថ្វាយផ្លាស់ប្តូរ              ទឹកនេត្រាហូរនឹកព្រះអង្គ។

នឹកហាក់ដូចជានៅថ្មីៗ                     នឹកព្រះជិនស្រីប្រោសស្រោចស្រង់

នឹកដល់ព្រះធម៌ល្អផូរផង់                 នឹកទាំងព្រះសង្ឃអង្គសាវក។

ចាប់តាំងអំពីថ្ងៃនេះទៅ                    សូមដើរតាមផ្លូវព្រះអរិយៈ

ក្រោមម្លប់ព្រះធម៌ដ៏ត្រជាក់              ផុតពីអន្ទាក់នៃពួកមារ។

សូមឱ្យលោកអ្នកបានសូធ្យស្តាប់     ប្រវត្តិសារសព្ទព្រះភគវា

បានសុខចម្រើនគ្រប់ៗគ្នា                 កុំបីឃ្លាតឃ្លាគ្រាណាឡើយ។

ដោយឧបាសក គុយ   សុធន

                                                    (សៀវភៅព្រះពោធិសត្វភាគ ១, ទំព័រ១២៦)


Flag Counter

No comments: