២៩- ជំរំចិត្ត

ឈើដុះលើភ្នំជំរំបក្សី                             ឈើដុះក្នុងព្រៃជំរំម្រឹគា

ឈើដុះក្នុងទឹកជំរំមច្ឆា                          ឈើដុះក្នុងផ្សារបង្អួតទេសចរ។

ឈើសាងផ្ទះធំជំរំអ្នកមាន                     ខ្ទមតូចកៀនៗជំរំអ្នកក្រ

សាងកុដិអារាមជំរំអ្នកធម៌                     សាងកុសលល្អជាជំរំចិត្ត ។

រកម្លប់ជ្រកពួនព្រោះតែក្តៅកាយ            ដំបៅមិនក្លាយព្រោះមានថ្នាំបិទ

មិនបៀតបៀនគេព្រោះតែអាណិត          ចង់ត្រជាក់ចិត្តម្តេចមិនរៀនធម៌ 

ចេះធម៌វិន័យសម្តីពីរោះ                        ទទួលកិត្តិយសមានកេរ្តិ៍ឈ្មោះល្អ

ចិត្តក៏ត្រជាក់មានអ្នកកំដរ                     គឺមិត្តព្រះធម៌ល្អប្រពៃណាស់។

គ្មានអ្វីត្រជាក់ជាងអ្នកយល់ធម៌              គ្មានអ្វីដែលល្អជាជាងធម៌ព្រះ

គ្មានអ្វីសមរម្យជាងឱនសំពះ                 បើជ្រកក្នុងផ្ទះជម្រះចិត្តផង។

បើត្រជាក់កាយតែខ្វល់ខ្វាយចិត្ត             កាយរួចទោសពិតចិត្តជាប់ចំណង

កាយជាអ្នកមានស័ក្តិធំកន្លង                  ចិត្តត្រូវគេចងចំណងកាមគុណ។

ដោយឧបាសក គុយ  សុធន

(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥៥)

Flag Counter

No comments: