៧- ស្វែងរកក្តីសុខនៅក្នុងភពកម្ម


អាកាសពុំឆ្អែតទៅដោយព្រះពាយ          សមុទ្រទាំងឡាយពុំឆ្អែតដោយទឹក

ចិត្តអ្នកជាម្តាយពុំឆ្អែតក្តីនឹក                   គិតកូនល្ងាចព្រឹកដោយក្តីមេត្តា។

ភ្លើងពុំដែលឆ្អែតទៅដោយឈើងាប់         លោភៈពុំស្កប់ដោយក្តីប្រាថ្នា

កិលេសពុំឆ្អែតដោយកាមតណ្ហា             មានរូបសង្ហាពុំផុតជរា ។

តើឧបាទានណាមិនប្រកាន់                   តើបញ្ចក្ខន្ធណាគ្មានរោគា

តើអារម្មណ៍ណាដែលគ្មានវេទនា           កាយចិត្តគ្រាំគ្រាលោកណាគ្មានទុក្ខ។

ដោយសុខតិចតួចលួចលួងចិត្តកាយ       ហាក់ដូចសប្បាយមោហៈបាំងមុខ

សប្បាយភ្លេចខ្លួននៅក្នុងកងទុក្ខ             ខំស្វែងរកសុខនៅក្នុងភពកម្ម។      

រកម្លប់ត្រជាក់កណ្តាលវាលក្តៅ              យកទឹកស្រោចស្មៅរកផលដំណាំ    

គ្រាប់ល្អមិនសាបពូជល្អមិនដាំ                ឥតជឿផលកម្មរង់ចាំព្រះជួយ។

ដោយឧបាសក គុយ  សុធន
                                                    (សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣)

Flag Counter

No comments: