៩៨- ទ្រង់ត្រាស់ដឹង

កាលព្រះសិទ្ធត្ថដ៏មានបុណ្យ            ព្រះជន្មដប់ប្រាំមួយវស្សា


ទ្រង់សោយរាជ្យជួសព្រះបិតា           គ្រប់គ្រងរដ្ឋាកបិលពស្តុ។


ជាមួយព្រះនាងយសោធរា              ពិម្ពាក្សត្រីស្រីល្អស្រស់


ប្រសើរលើសស្រីស្នំទាំងអស់            ប្រកបដោយយសថ្កើងណាស់ណា។


លុះដល់ព្រះជន្មបានគ្រប់ធួន           ម្ភៃប្រាំបួនព្រះវស្សា


ទ្រង់បានឱរសមួយថ្លៃថ្លា                  នាមថារាហុលល្អប្រិមប្រិយ។


ក្នុងថ្ងៃរាហុលកើតនោះមិញ             ទ្រង់ចេញបព្វជ្ជាដោយឃ្មាតខ្មី


បច្ឆិមបដិបត្តិតឹងពេកក្រៃ                 ដើម្បីឱ្យឆាប់បានត្រាស់ដឹង។


ក្រោយពេលទ្រង់លះព្រះកិរិយា        ទុក្ករៈនោះណាទ្រង់រំពឹង


មជ្ឈិមបដិបត្តិបានត្រាស់ដឹង            ធម៌ថ្លៃឥតថ្លឹងដ៏ក្សេមក្សាន្ត។


នៅនាថ្ងៃពុធពេញបូណ៌មី                ពិសាខរង្សីរកាបាន


ជាសព្វញ្ញពុទ្ធថ្កើងថ្កាន                   ព្រះញាណប្រាជ្ញប្រោសឆ្លុះលោកា។


នៅក្រោមដើមពោធិ៍មានមង្គល         នៅត្រង់មណ្ឌលឈ្មោះគយា


ក្បែរឆ្នេរនទីនេរញ្ជរា                       បានជាគ្រូគ្រប់សព្វភពបី។


ទីទ្រង់ត្រាស់ដឹងនោះព្រះបាទ           អសោកនាថស្តេចផែនដី


ទ្រង់សាងព្រះស្តូបល្អប្រិមប្រិយ         សម្គាល់ទីដីទ្រង់ត្រាស់ដឹង។


ខ្ញុំសូមក្រាបថ្វាយបង្គំវន្ទា                  ឆ្ពោះព្រះភគវាជាទីពឹង


ព្រះអង្គឈ្នះមារហើយត្រាស់ដឹង       សម្លឹងត្រើយនាយនិព្វានពិត។


សូមបុណ្យដែលយើងរួបរួមគ្នា          ព្យាយាមពុះពារទាំងឆ្ងាយជិត


ទោះក្តៅរងា យប់ងងឹត                   ប្រឹងអស់កាយចិត្តដ្បិតជ្រះថ្លា។


សូមបុណ្យទាំងនេះជួយនាំមុខ         ឱ្យឆ្លងផុតទុក្ខដូចប្រាថ្នា


សូមឱ្យបានកើតជាតិណាៗ              ជួបទាន់សាសនាព្រះទ្រង់ញាណ។


សូមកុំឱ្យជួបភយន្តរាយ                   រោគាទាំងឡាយកុំឱ្យមាន     


សូមកុំឱ្យជួបការអត់ឃ្លាន                រហូតនិព្វានកុំខានឡើយ។


សូមអនុមោទនា!!!


-កំណាព្យនេះខ្ញុំព្រះករុណាខ្ញុំបាទ គុយសុធន បានចេះចាំមាត់

តាំងពីព..២៥២៣(ពេលចេញពីសម័យប៉ុល ពត ឆ្នាំ ១៩៧៩)។​
មិនដឹងថាជាស្នាដៃរបស់អ្នកនិពន្ធណាទេក្រោយមកខ្ញុំភ្លេចខ្លះខ្ញុំ

ខំព្យាយាមរកកំណាព្យនេះវិញតែរកមិនជួបសោះខ្ញុំក៏បន្ថែមពាក្យ

ដែលភ្លេចដោយពាក្យខ្លួនឯងដូច្នេះបើមានខុសពីកំណាព្យដើម

សូមលោកអ្នកនិពន្ធមេត្តាអភ័យទោសដល់ខ្ញុំព្រះករុណា 
ខ្ញុំបាទដោយអនុគ្រោះផងចុះ។


( សៀវភៅជំនួយសតិភាគទី ១៤, ទំព័រ៨៥)


Flag Counter

No comments: