៦០- ស្រណោះស្រុកព្រះ


កាលពីស្រុកយើងឡើងសម្បុរខ្មៅ           ប្រាជ្ញក្លាយជាខ្លៅដំបៅសង្គម

សាសនារលត់ជាតិត្រូវរលំ                     រាស្ត្ររងទុក្ខធំស្លាប់អស់រាប់លាន។


ឥឡូវស្រុកព្រះវិនាសធម៌អាថ                 ព្រះពុទ្ធសាសនាស្ទើរតែរកគ្មាន


កិលេសរុំពទ្ធកម្សត់ស្រេកឃ្លាន               ប្រជារយលានគ្មានព្រះវិន័យ។


សាសនាផ្សេងៗមានច្រើនអនេក             គោរពពស់វែកគោរពសត្វព្រៃ


ងូតទឹកលាងបាបឱ្យជ្រះចង្រៃ                 អាំងភ្លើងហាលថ្ងៃឱ្យស្ងួតកិលេស។


ព្រះម៉ែទេវីរៀបគ្រប់កន្លែង                     គោរពកោតក្រែងជាព្រះពិសេស


រៀបចំពិធីឥតហ៊ានប្រហែស                  កូនចៅចាំចេះតពីម៉ែឪ ។


អចេលក៍បួសស្រាតអាក្រាតឥតខ្មាស      គេគោរពណាស់រហូតឥឡូវ


តើធម៌វិន័យលៃដូចម្តេចទៅ                   រឿងរ៉ាវអាស្រូវកើតជាបន្ត។


រឿងនេះគួរឱ្យសង្វេគក្រៃលែង               ទាំងចាស់ទាំងក្មេងសទ្ធាទ័លក្រ


រៀនសូត្រពូកែតែខ្វះព្រះធម៌                  ជ្រុលហួសផ្លូវល្អធ្លាក់ចូលអបាយ។


ដោយឧបាសក គុយ   សុធន

(សៀវភៅជំនួយសតិភាគទី ៧ ទំព័រ ៨)

Flag Counter

No comments: