៨៧- អាគមផ្សំអាយូស

វាយោបក់ផាត់បន្សាត់ពពក                      ចន្ទ្រាយាងមកបំភ្លឺផែនដី

សន្សើមក៏ធ្លាក់ក្នុងពេលរាត្រី                    ឈើលាស់ត្រួយថ្មីជម្រុះស្លឹកចាស់។

ជំនោរត្រជាក់ធ្លាក់ពេលជិតភ្លឺ                  លង់លក់មិនឮមាន់រងាវដាស់

ក្មេងកាន់តែធំខ្ញុំកាន់តែចាស់                      ទារកកើតផ្លាស់ចាស់ស្លាប់ពេញដី។

សប្បាយនឹងវ័យក្មេងខ្ចីសោភា                ភ្លេចគិតជរាយកជាចំណី

នឹងមានថ្ងៃមួយស្លាប់ចាប់ភពថ្មី              បាបក្តីបុណ្យក្តីកម្មអ្នកចាត់ចែង។

ពីតូចដល់ធំងំដោយកង្វល់                        ក្នុងចិត្តឥតខ្យល់ភ្លើងឆេះឥតផ្សែង

ថាកូននៅតូចលំបាកខ្លួនឯង                     ដល់ធំស្វះស្វែងជួយឯងវិញហើយ។

សេចក្តីសង្ឃឹមបានត្រឹមខកចិត្ត               កូនខ្ញុំធំពិតធំឥតកោះត្រើយ

ធំលប់ម៉ែឪកប់បាត់អស់ហើយ                ឱម្ចាស់ថ្លៃអើយធំហួសពឹងបាន។

កូនតូចព្រួយតូចកូនធំព្រួយធំ                   កូនពេញក្រមុំព្រួយនឹងថែប្រាណ

ឯកូនកំលោះសោះតែនឹងខាន                   ចូលផ្ទះថ្មើរម៉ានបានរឿងតែម្តង។

ក្រមុំលលេងជាមួយកំលោះ                      ជ្រុលខូចខ្លួនអស់អ្នកណាចម្លង

ខុសទាំងមេបាប្រហារគភ៌ផង                   ខុសធ្ងន់កន្លងព្រោះលង់គំនិត។

សប្បាយនឹងស្រាសង្ហានឹងស្រី                  ឆ្លងរោគអប្រីយ៍អស់ន័យជីវិត

មនុស្សមានតម្លៃហេតុអ្វីមិនគិត              បន្ថោកជីវិតដូចជាល្បែងលេង។

ចង់តម្កើងប្រាណឱ្យបានខ្ពង់ខ្ពស់            តែត្រូវអាប់យសព្រោះតែទាស់ទែង

រឿងរីករាលធំរឹតតែវង្វេង                           ស្លាប់ដល់គេឯងព្រោះសម្តីថ្លោស។

សម្តីហួសប្រាជ្ញអាចបណ្តាលភ័យ           សម្តីឥតន័យតម្លៃធ្លាក់ចុះ

សម្តីរោយរាយបណ្តាលកំហុស                 ប្រាជ្ញឥតសន្តោសគ្រោះព្រោះសម្តី។

ទំនាស់បែកបាក់ធ្លាក់ដល់អន្តរាយ           ខំសាងពីនាយខូចគ្មានសល់អ្វី

ខូចឈ្មោះម្តងហើយពុំងាយកែថ្មី             គ្រប់អ្នកដើរក្តីគ្មានអ្នកណាល្អ។

រស់នៅទៅមកឥតស្គាល់ទីតាំង               វែកនៅនឹងឆ្នាំងឥតស្គាល់សម្ល

ឆ្កែដេកលើស្រូវឥតស្គាល់អង្ករ                 រស់នឹងព្រះធម៌នៅតែទាស់គ្នា។

សត្វហើរតាមខ្យល់ឥតស្គាល់វេហា          ត្រីក្នុងជលសាឥតស្គាល់គង្គា

ជន្លេនរុកដីឥតស្គាល់ពសុធា                     រស់រងវេទនាមិនស្គាល់ក្តីទុក្ខ។

វាលវដ្តសង្សារមិនអាចរៀបរាប់              សុទ្ធសឹងតែធ្លាប់ជាម្តាយឪពុក

ឥឡូវលែងស្គាល់ចិត្តក្តៅគគុក                    ប្រឆាំងទល់មុខបុករុកសាសនា។

ខំយកឈ្នះចាញ់អញឥតលើកលែង        សូម្បីឈាមឯងក៏ឥតមេត្តា

សុខចិត្តអារសាច់ទៅជូនសត្វខ្លា              ឱ្យតែអាត្មាបានឈ្នះមួយគ្រា។

យកឈ្នះចាញ់គ្នាបានប្រយោជន៍អ្វី         ឈ្នះអ្នកដទៃនាំពៀរវេរា

បើឈ្នះខ្លួនឯងនោះទើបល្អជា                    សុខគ្រប់វេលាជីវិតប្រិមប្រិយ។

សន្សំកុសលបានផលបុណ្យស័ក្តិ            សន្សំមាសប្រាក់បានថ្នាក់សេដ្ឋី

សន្សំចាក់រុកបានទុក្ខព្រួយភ័យ                 ស្លាប់ទៅអវីចីព្រោះសន្សំខុស។

សូមធម៌មេត្តាលោកកុំបីភ្លេច                      តាមជាប់ជានិច្ចនឹងជនស្រីប្រុស

សូមឱ្យទោសៈដាក់ខ្លួនទាបចុះ                   កុំនាំកំហុសដល់ជនគ្រប់គ្នា។

ធ្វើគថ្លង់ខ្លះច្បាស់ជាប្រពៃ                         ពោលច្រើនឥតន័យនាំគេនិន្ទា

ត្រចៀកឮច្បាស់ឥតខ្វះមួយឃ្លា              ហេតុហួសពណ៌នាធ្វើថ្លង់សិនទៅ។

មាត់អ្នកដទៃពុំអាចនឹងឃាត់                    ត្រូវមានអំណត់សតិតាំងនៅ

សំឡេងយើងល្អរឿងហួសជម្រៅ             ធ្វើគសិនទៅកុំអាលឮមាត់ ។

សូមធម៌អំណត់ព័ទ្ធធម៌អំណាច              ព័ទ្ធធម៌កោងកាចធម៌ល្វីងជូរចត់

ធម៌ចាក់រុកគ្នាក្នុងសង្សារវដ្ត                       សូមធម៌អំណត់ហ៊ុមព័ទ្ធឱ្យជិត។

សូមដួងចន្ទ្រាជួយជាបញ្ញា                        សូមដួងតារាជួយជាគំនិត

សូមដងគិរីជួយបាំងឱ្យជិត                        ឱ្យអំណត់ពិតផុតពីអន្តរាយ។

សូមព្រះវាយោជួយកម្លាំងចិត្ត                   សូមព្រះអាទិត្យជួយកម្លាំងកាយ

សូមព្រះអគ្គីជួយពីចម្ងាយ                         សត្រូវឱ្យក្លាយជាកងការពារ។

សូមព្រះធរណីជួយរៀបចាត់ចែង           សូមព្រះសូរ្យសែងបំភ្លឺគ្រប់គ្រា

សូមឱ្យធម្មជាតិជាញាតិនឹងគ្នា                   សូមព្រះគង្គាជួយគ្រប់ទិសទី។

ឱ្យខ្មោចក្នុងក្រៅខ្លបខ្លាចព្រះគុណ          សូមព្រះពិរុណជួយប្រសិទ្ធី

ឱ្យធម៌កោងកាចកប់ក្នុងធរណី                  ឱមប្រសិទ្ធី វិ. សុ. .

ដោយឧបាសក គុយសុធន

(សៀវភៅបទពិចារណា ទំព័រ ១៣៤)

Flag Counter

No comments: