៨២- កូនបីប្រភេទ

អ្នកជាម៉ែឪតែងនៅនែបនិត្យ                  ចង់ឃើញកូនពិតតាំងពីក្នុងផ្ទៃ

ផែនការជីវិតគិតជាប់មមៃ                     មុននឹងកូនថ្លៃប្រសូតចាកគភ៌ 

ដ្បិតជាកូនហើយអ្នកណាមិនគិត           ចង់បានកូនពិតប្រកបដោយធម៌

ពេលកូនកើតមកខំប្រឹងបីព                   បើបានកូនល្អម៉ែឪអរណាស់។

តែកូនទាំងឡាយមានបីប្រភេទ               ចូរចាំសង្កេតពិនិត្យឱ្យច្បាស់

ដូចដូងមួយធ្លាយមានតក់នាឡិខ្លះ          កម្មរៀបប្តូរផ្លាស់តាមបុណ្យម៉ែឪ។

ទីមួយគឺជាអតិជាតបុត្រ                        កូនល្អបំផុតចេះដឹងខុសត្រូវ

មានសីលខ្ពង់ខ្ពស់លើសពីម៉ែឪ               រស់ឥតអាស្រូវជួយលើកឪម៉ែ។

ទីពីរគឺជាអនុជាតបុត្រ                          មានសីលបរិសុទ្ធស្មើឪម៉ែដែរ

អាចអប់រំបានមិនលំបាកថែ                   មិនឱ្យឪម៉ែទុក្ខសោកសង្រេង។

ទីបីគឺជាអវជាតបុត្រ                             ខិលខូចបំផុតតាំងតែពីក្មេង

អប់រំពុំបានលំបាកក្រៃលែង                   ម៉ែឪវង្វេងព្រោះកូនតិរច្ឆាន។

តើបុណ្យម៉ែឪត្រូវជួបកូនណា                កូនបីប្រការម៉ែឪគង់បាន

ជួបកូនណាមួយឥតបីខកខាន               សូមតាំងសន្តានឱ្យបានមាំទាំ។

បើបានកូនល្អក៏ត្រេកអរចុះ                   បើបានកូនខុសក៏ត្រូវខិតខំ

កុំអស់សង្ឃឹមក្នុងការដឹកនាំ                   អប់រំផ្សែផ្សំតាមតួនាទី។

ត្រូវចែកវិជ្ជាជាកេរដល់កូន                    គុណឥតសាបសូន្យម៉ែឪទាំងពីរ

កូនមានកតញ្ញកតវេទី                          ដល់លោកទាំងពីរបានសុខសិរី។   

ព្រះគុណម៉ែឪសែនធ្ងន់ពេកក្រៃ             ពុំអាចកាត់ថ្លៃធ្ងន់លើសផែនដី

គ្រប់គ្រងរក្សាកូនទាំងប្រុសស្រី               ដោយចិត្តមេត្រីប្រណីអាណិត។

កូនណាភ្លាំងភ្លាត់ភ្លេចគុណម៉ែឪ             បាបធ្ងន់ធ្លាក់ជ្រៅក្នុងភពងងឹត

បើមិនព្រមកែប្រែចិត្តគំនិត                    ដូចអស់ជីវិតសល់តែរាងកាយ។
 
ពេលអស់បុណ្យចាស់ស្លាប់ផ្លាស់ជាតិថ្មី    នរកអវីចីហួសក្តីបរិយាយ
 
ព្រោះតែវង្វេងភ្លេចឪពុកម្តាយ                 ធ្លាក់ទៅអបាយពុំងាយរួចបាន។

ចំណែកកូនដែលដឹងគុណម៉ែឪ              គឺដើរត្រូវផ្លូវឆ្ពោះទៅសួគ៌ឋាន

រស់នៅមានន័យប្រពៃថ្កើងថ្កាន              ស្លាប់ទៅក៏បានសោយសុគតិភព។

ដោយឧបាសក គុយ   សុធន

Flag Counter

No comments: