៧៥- ព្យុះចិត្តអប្រិយ

ដើមដូងដៀមដាមដល់ដើមស្លា              ថាដើមតូចឆ្មារចង់ដូចគេ

ប្រយ័ត្នត្រូវខ្យល់អំពល់រេ                       ក្រែងដួលលើគេនាំអន្តរាយ។

ដើមស្លាតបថាដ្បិតខ្ញុំតូច                       មិនខូចដួលលើអ្នកទាំងឡាយ

ដ្បិតដើមប្រហោងខ្លឹមស្រោបកាយ          អ្នកផងជិតឆ្ងាយតែងប្រើប្រាស់។

ដើមដូងស្លុតចិត្តអាណិតស្លា                    ដោយបានដឹងថាស្លាខំណាស់

ខំប្រឹងជួយទប់ខ្យល់អាកាស                   ខ្យល់ច្រើនមុខណាស់កក្រើកដី។

ផ្ទះឈើតូចតាចខ្លាចខ្យល់ព្យុះ                ខ្យល់ធ្វើបាបមនុស្សឥតប្រណី

តែព្យុះនៅចាញ់ចិត្តអប្រិយ                   ចិត្តមនុស្សប្រុសស្រីឥតរូបកាយ។

បើល្អល្អណាស់គ្មានអ្វីដូច                      បើខូចខូចណាស់ហួសបរិយាយ

ចិត្តនាំឱ្យកូនញៀនសប្បាយ                  ហ៊ានធ្វើបាបម្តាយវាយឪពុក។

ខឹងក្រោធមួយភ្លែតខុសច្រើនណាស់        ប្រុសស្រីក្មេងចាស់ត្រូវចាំទុក

ពេលក្រោធកើតឡើងឥតយល់មុខ          ទោះម្តាយឪពុកក៏ឥតស្គាល់ ។

លោកធម៌ទាំងឡាយចិត្តជាធំ                   អ្នកណាសើចយំចិត្តឥតខ្វល់

ក្រោធខឹងកើតឡើងគ្មានកុសល              ត្រូវតែតម្កល់ចិត្តឱ្យល្អ។

ដោយឧបាសក គុយ   សុធន

(សៀវភៅវិធីរម្ងាប់សេចក្តីក្រោធទំព័រ ៥៧)

Flag Counter

No comments: