៧១- ភ្លើងអាចរលត់ដោយភ្លៀងរលឹម


ហៃអស់កូនម៉ែប្រុសស្រីទាំងឡាយ          ចូរអ្នកស្តាប់ម្តាយណាកូនមាសស្ងួន


ឥឡូវធំហើយត្រូវថែទាំខ្លួន                     កុំខឹងរត់ពួនដូចនៅកុមារ។


កាលកូននៅតូចកូនខឹងអាងយំ              ពេលនេះកូនធំកុំប្រើហិង្សា


ដ្បិតមនុស្សសព្វថ្ងៃច្រើនខ្វះមេត្តា            កូនទៅទីណាប្រយ័ត្នសម្តី។


ឯកូនស្រីម៉ែកូនកុំមាយា                       ដ្បិតប្រុសច្រើនគ្នាឆាប់មាក់ងាយស្រី


រូបកូននៅក្មេងកុំភ័យអត់ប្តី                  ដ្បិតមនុស្សប្រុសស្រីពិតមានគូព្រេង។


ចំណែកកូនប្រុសត្រូវខំពុះពារ               ស្វែងរកវិជ្ជាទាន់ខ្លួននៅក្មេង


សេពគប់បណ្ឌិតពិតឥតវង្វេង               ញៀនស្រាស្រីល្បែងតែងតែវិនាស។


ម៉ែ រីករាយណាស់ពេលកូនសាងផ្នួស      គិតថាកូនបួសរស់រៀនធម៌ព្រះ 

ម៉ែខំដាក់បាត្រសំអាតមុខផ្ទះ                  ទៅវត្តសំពះស្តាប់ធម៌ទេសនា។


ប៉ុន្តែម៉ែត្រូវខកចិត្តពេកក្រៃ                    នៅថ្ងៃដែលកូនលាចាកសិក្ខា


ម៉ែអស់សង្ឃឹមតឹងណែនឱរា                  មិននឹកស្មានថាលោកកូនសឹកទេ។


ម៉ែខ្លះមិនចង់ឱ្យកូនបួសឡើយ               ចង់ឱ្យរៀនហើយប្រលងនឹងគេ


ម៉ែយំរន្ធត់ពេលឃើញមាសមេ               បួសជាសាមណេរទៅសុំច្បាប់គ្រូ។


ម៉ែចង់ឱ្យកូនសឹកចូលរៀនវិញ               ខ្វះខាតម្តេចមិញម៉ែអ្នកគិតគូរ


ព្រោះម៉ែខ្លាចកូនបួសមិនបានយូរ           សឹកមករកគូឥតមុខរបរ ។


កូនម៉ែរៀនឈរជំហរឱ្យមាំ                     ត្រូវសាងសន្សំតែអំពើល្អ


កុំដើរកន្លងជាន់ខ្នងអ្នកក្រ                     ក្រែងគេដល់កកូនត្រូវរងគ្រោះ។


កូនត្រូវចេះរត់បត់តាមសង្គម                 រឿងរ៉ាវតូចធំកុំនាំជម្លោះ


យកឈ្នះអ្នកទាបដោយការសង្គ្រោះ       យកឈ្នះអ្នកខ្ពស់ដោយការវន្ទា។


ម៉ែចង់ឱ្យកូនឈ្នះក្រៅសង្គ្រាម               បើកូនព្យាយាមឈ្នះអ្នកផងគ្នា


កូនត្រូវប្រយ័ត្នគ្រប់ម៉ាត់គ្រប់ឃ្លា             ឆ្កែឆ្កួតពស់ជាវាឥតស្គាល់ម្ចាស់។


កាយតែងគ្រាំគ្រាជរានាំទៅ                   តែកេរិ៍ឈ្មោះនៅដិតដាមយ៉ាងច្បាស់


រទេះឡានខូចមានគ្រឿងបន្លាស់             ខូចអស់កេរិ៍ខ្មាសគ្មានអ្វីផ្លាស់ឡើយ។


ពេលអស់ពីម៉ែត្រូវថែបងប្អូន                  ម៉ែសង្ឃឹមកូនជូនប្អូនដល់ត្រើយ


បើកូនយល់ជាតិញាតិពិតធូរស្បើយ        កូនធ្វើតាមហើយម៉ែអរឥតផ្ទឹម។


សូមកូនមាសម្តាយរំសាយហិង្សា            ចេះផ្សាយមេត្តាដោយស្នាមញញឹម


ភ្លើងអាចរលត់ដោយភ្លៀងរលឹម             កូនទីសង្ឃឹមនៃជីវិតម៉ែ ។


ដោយឧបាសក គុយ   សុធន


(សៀវភៅម៉ែ!!! ទំព័រ៨១)


Flag Counter

No comments: