៧០- ស្តាយអ្វីស្តាយម៉្លេះទេ

ស្តាយអ្វីស្តាយម៉្លេះ       ស្តាយគុណពិសេស     ស្តាយចេះលកលៃ

ស្តាយទាំងគំនិត          ស្តាយចិត្តប្រពៃ           ស្តាយពាក្យសម្តី

ធ្លាប់លួងបំពេ។

ស្តាយអើយសែនស្តាយ ស្តាយចិត្តស្តាយកាយ   ស្តាយអ្វីម៉្លេះទេ

ស្តាយជាតិជាស្រី         ឥតមានទំនេរ              ស្តាយដៃទាំងទ្វេ

ធ្លាប់ថ្នមថែកូន។

ស្តាយគ្មានអ្វីផ្ទឹម          ស្តាយភក្ត្រ័ញញឹម       ឥឡូវបាត់សូន្យ

ស្តាយដៃថ្នមស្និទ្ធ         ផ្តិតទឹកភ្នែកកូន           ជីវិតស្រពោន

ដ្បិតកូនអស់ម៉ែ។

ស្តាយអើយសែនស្តាយ កូនរស់ឥតម្តាយ          ឥតអ្នកថ្នមថែ

ពេលកូនមានភ័យ       មមៃនឹកម៉ែ                 បើម្តាយនៅក្បែរ

ម៉ែជួយដោះស្រាយ។

ស្តាយជាប់ជានិច្ច         ស្តាយឥតបីភ្លេច          ពាក្យពេចន៍ទាំងឡាយ

ម្តាយផ្តាំឱ្យកូន             ថែប្អូនជួសម្តាយ          ទោះនៅជិតឆ្ងាយ

ម្តាយឱ្យរក្សា។
         
        ឱ្យថែកេរិ៍ឈ្មោះ           បើជីវិតរស់                  ជួយដោះបញ្ហា

          កុំស្លាប់ស្មារតី              មុនថ្ងៃមរណា             ត្រូវប្រើបញ្ញា

ស្តារត្រកូលយើង។

រស់ក្នុងសង្គម              អ្នកតូចអ្នកធំ               កូនកុំនាំភ្លើង

ឃើញខុសជ្រងោ         កុំជោរកាន់ជើង           ក្រែងរាលឆេះយើង

ស្លាប់ហើយខុសទៀត។

ណាកូនម៉ែណា!!!!!

ដោយឧបាសក គុយ   សុធន

                                                                        ( សៀវភៅម៉ែ!!! ទំព័រ៧៩)




Flag Counter

No comments: