៧៤- បើសុំបានល្អជួយសុំឱ្យខ្ញុំផង

ជីវិតបក្សីអាស្រ័យព្រឹក្សា                       ជីវិតមច្ឆាអាស្រ័យគង្គា

សត្វលោកសុខសាន្តអាស្រ័យធម្មា          ការបៀតបៀនគ្នានាំទុក្ខម្នោម្នេញ។

ជីវិតអ្នកផ្សារហ៊ឺហារាក់ទាក់                   មានឈ្មោះជាអ្នកទិញចូលលក់ចេញ

ភូតភរផ្សំខ្លះឱ្យតែគេទិញ                      ចង់បានចំណេញពោលពាក្យមុសា។

ជីវិតអ្នកល្បែងតែងតែប្រកាន់                 ឃើញគេដូចក្តាន់ខ្លួនឯងដូចខ្លា     

ឈ្នះមកស៊ីចាយឥតពិចារណា               ពេលចាញ់ឆ្លេឆ្លាខ្ចីបុលបញ្ចាំ។

ជីវិតកម្មករខំត្រដររស់                          ហូបតែមួយពោះខ្ញុំគេរាប់ឆ្នាំ

ពេលឈឺដេកញាក់ខ្វះប្រាក់អត់ថ្នាំ          ជីវិតរងកម្មរស់ចាំថ្ងៃក្ស័យ។

អ្នកចម្ការស្រែថែភោគផលា                   បេះយកទៅផ្សារលក់យកកម្រៃ

ចិញ្ចឹមជីវិតសន្សំសំចៃ                          ខិតខំរាល់ថ្ងៃលៃធ្វើបុណ្យខ្លះ។

កើតមកជាមនុស្សទោះក្រឬមាន             កុំធ្វើបំពានដោយឥតអៀនខ្មាស

ធ្វើការរកស៊ីគិតគូរឱ្យច្បាស់                   កុំធ្វើផ្តេសផ្តាសតាមចិត្តលោភលន់។

សូមអស់ក្រមុំកុំរំខានលោក                   កំលោះគរគោកទុកលោកសូត្រមន្ត

អ្នកបួសទ្រង់ធម៌មិនយកប្រពន្ធ              លលួចលូកលាន់បាបធ្ងន់ណាពៅ។

បើចង់ចំណេញចេញជួញឯផ្សារ            ចង់មានបញ្ញាខំសិក្សាទៅ

បើចង់បានបុណ្យត្រូវថែម៉ែឪ                  ទៅវត្តយប់ជ្រៅក្រែងលោភ្លាំងភ្លាត់។

បើពិតចិត្តធម៌ត្រូវជួយសាសនា              បើចិត្តជ្រះថ្លាត្រូវមានអំណត់

កុំធ្វើអាចារ្យជំនួញក្នុងវត្ត                      នរកប្រេតប្រាកដព្រោះតែតណ្ហា។

សូមសប្បុរសជនអានហើយគិតចុះ         បើខ្ញុំថាខុសសូមទានមេត្តា

ដ្បិតអាចារ្យធំសុំឱ្យខ្ញុំថា                         ក្រែងអាចជួយស្តារផ្ងារទៅជាល្អ។

ចង់បានផលស្រូវទៅបណ្តុះស្មៅ             ក្នុងចិត្តជាំខ្មៅទៅពាក់អាវស

ដុតផ្ទះឈើចោលបន់សុំផ្ទះថ្ម                 បើសុំបានល្អជួយសុំខ្ញុំផង។

ដោយអ៊ំប្រុស គុយ សុធន

( សៀវភៅវិធីរម្ងាប់សេចក្តីក្រោធទំព័រ ៥៣)

Flag Counter

No comments: