៩២- បុណ្យបូជនីយដ្ឋានកម្សាន្តចិត្ត

វក់វីវង្វេងវិលវល់វណ្ឌវាក់                          មុនពេលភ្លៀងធ្លាក់ពពកខ្មៅដាស


ក្រោយពេលភ្លៀងរួចមេឃប្រែស្រឡះចម្បាំងខ្លាំងណាស់ប្រែសុខសាន្តត្រាណ។


រឿងរ៉ាវតូចធំក្នុងក្រុមគ្រួសារ                    រងទុក្ខខ្លោចផ្សាហួសពីការស្មាន


យសស័ក្តិលាភលុយលួចស្នេហ៍ពីប្រាណ       ស្វាមីដូរឡានដូរទាំងភរិយា។


ទឹកនេត្រាហូររៀងរាល់រាត្រី                       បាត់បង់ស្វាមីទ្រូងសែនគ្រាំគ្រា


បីបមថ្នមកូននឹកដល់ប៉ាវា                         កូនខ្ញុំកំព្រាវាគេងលក់អស់។


ចុះតើមានអ្វីមកទល់ភ្នែកខ្ញុំ                        នាំឱ្យខ្ញុំយំគេងមិនលក់សោះ


កាលនៅក្រីក្រចិត្តល្អស្មគ្រ័ស្មោះ             លាភយសបុរសក្លាយជាគ្រោះស្រី។


ទុក្ខធំយ៉ាងហ្នឹងមិនដឹងទៅណា                 ជិតចេញវស្សាកឋិនឆ្នាំថ្មី


មិត្តភក្តិបបួលស្តាប់ធម៌ទូលត្រៃ              សូមជាប់និស្ស័យនឹងព្រះសាសនា។


ក្រឡេកមើលទង់រហង់ក្បែរពោធិ៍            អណ្តែតលេចធ្លោបក់លើវេហា


នាំពុទ្ធបរិស័ទរីករាយជ្រះថ្លា                      នឹកឃើញពេលណារសាយកង្វល់។


ព្រះធម៌អាចជួយដោះស្រាយទុក្ខបាន      ក្មេងចាស់គ្រប់ប្រាណឱ្យតែបានយល់


មិនត្រឹមតែស្រីដែលមានកង្វល់                 ទោះប្រុសសំណល់ក៏ធម៌ជួយស្រង់។ 


អស្សុជឆ្នាំកុរថ្ងៃពេញបូណ៌មី                   បរិស័ទប្រុសស្រីឃ្មាតខ្មីឆ្ពោះត្រង់


ធ្វើបុណ្យរាប់បាត្រប្រគេនព្រះសង្ឃ         មួយពាន់ព្រះអង្គពុទ្ធាភិសេក។


នៅបូជនីយដ្ឋានខេត្តបាត់ដំបង                 ពេលនោះតែម្តងអស្ចារ្យអនេក


ព្រះពោធិ៍ព្រះពុទ្ធថ្មល្អចម្លែក                   ពុទ្ធាភិសេកព្រះពុទ្ធរយអង្គ។


ឆ្លងទាំងអគារពុទ្ធាសនៈ                            ខឿនពោធិ៍មានថ្នាក់ដាក់មូលដូចកង់


ព្រះនាមព្រះពុទ្ធម្ភៃប្រាំបីអង្គ                   ឆ្លាក់រៀបផ្ចិតផ្ចង់គ្រប់អង្គឥតទាស់។


កន្សៃសារពេជ្ញដែលជាពិម្ពា                       ប្រណមវន្ទាសុមេធតាបស


នាងជាភរិយាមានចិត្តសែនស្មោះ           គ្រប់ជាតិទាំងអស់ស្មោះនឹងស្វាមី។


ព្រះបដិមាចារឈ្មោះអ្នកសាង                   ជាគ្រឿងតំណាងនៃចិត្តភក្តី


បដិមាអង្គធំមានម្ភៃប្រាំបី                           ព្រះអរិយមេត្តេយ្យជាម្ភៃប្រាំបួន។


សំណង់អគារពុទ្ធាសនៈ                            ដំបូលច្រើនថ្នាក់ក្បាច់ឆ្លាក់តាមក្បួន


បុស្បុកទឹកមាសចេញបង្ហាញខ្លួន            ឆត្ររួតប្រាំបួនអំពូលពណ៌ថ្មី។      


វាលស្មៅខៀវស្រស់លាស់បង្អួតកាយ       បុប្ផាទាំងឡាយលម្អផ្ទៃដី


បង្គោលភ្លើងឈរលម្អរាត្រី                         ព្រះពោធិ៍ត្រួយខ្ចីខឿនថ្មីភ្លឺថ្លា។


ស្រះឈូកពោធិ៍ធំកូនភ្នំនិម្មិត                   ក្រពើស្មៅពិតរូបរាងសង្ហា


ពេលភ្លៀងមានទឹកដូចហែលប្រវា           លូនបើកនេត្រាបង្ហាញមហាជន។


ទន្សាយពោធិសត្វក៏ស្កាត់មកដែរ            សម្បុរដូចស្លែរោមស្មៅល្វតល្វន់


ថ្ងៃពេញបូណ៌មីរាត្រីយប់យន់                   ទន្សាយគយគន់កណ្តាលដួងខែ។


ព្រះគន្ធកុដិខ្ពស់ផុតព្រឹក្សា                         លើស្រះទឹកថ្លាហាក់មានមន្តស្នេហ៍


មានពុទ្ធបរិស័ទចេញចូលហូរហែ            គ្រប់គ្នាតែងតែគោរពជ្រះថ្លា។


ព្រះធម្មចេតិយដូចស្រីគ្រប់លក្ខណ៍         ពេញក្រមុំជាក់តែលាក់ភក្ត្រា


តម្កល់ក្បួនច្បាប់សម្រាប់សិក្សា               តែគ្មាននរណាចាប់អារម្មណ៍សោះ។


រោងម៉ាស៊ីនចាស់ផ្លាស់ទាន់សម័យ          រៀបសំពត់ស្បៃតុបតែងឥតទាស់


ក្នុងបូជនីយដ្ឋានអ្វីៗទាំងអស់                   សុទ្ធតែល្អស្រស់ហួសពីពណ៌នា។


រាត្រីថ្ងៃបុណ្យភ្លើងភ្លឺដូចថ្ងៃ                        ហាក់ដូចបុរីនៃស្ថានសួគ៌ា


អ្នកបានឃើញហើយស្បើយទុក្ខមួយគ្រា   អស្សុជបូជាថ្ងៃចេញវស្សា។


ម្ភៃប្រាំបីគ្រែសម្តែងផ្ទៀងផ្ទាត់                 តាមពុទ្ធប្រវត្តិកំណត់វាចា


គងលាន់សូរសព្ទប្រាប់ជាសញ្ញា             ចប់ធម៌ទេសនាមួយគ្រែវាយម្តង។


យប់កាន់តែជ្រៅភ្លឺកាន់តែច្បាស់             អង្គុយសំពះខែរះកន្លង


ធម៌កាន់តែច្បាស់ឥតមានសៅហ្មង          បញ្ចប់ធម៌ផងដោយបទសរភញ្ញ។


សូមឱ្យទុក្ខសោករសាត់ផាត់ឆ្ងាយ           អ្នកស្អប់ទាំងឡាយក្លាយជាស្រឡាញ់


ចេះធ្វើបុណ្យទានលែងមានកំណាញ់      សុខចិត្តចុះចាញ់បំពេញបារមី។


សូមគូពីក្មេងលែងបែកបាក់គ្នា                   ទល់ចាស់ជរានៅតែភក្តី


សូមឱ្យលាភយសរបស់ស្វាមី                   ចូលដល់ស្ត្រីដែលជាភរិយា។


សូមមេឃស្រទំកុំដូរអត្ថន័យ                      ដែលធ្លាប់ស្រដីពេលទើបជួបគ្នា


ស្រទំព្រោះចាញ់សម្រស់ពុំងា                  កុំឱ្យប្រែជាស្រទំចង់ភ្លៀង។


សូមឱ្យសព្វសត្វបានសុខសប្បាយ          ចាកចេញជិតឆ្ងាយកុំឱ្យដាច់ស្បៀង


ទោះបីជីវិតពិតជាមិនទៀង                       សូមកុំឱ្យល្អៀងពីសុគតិឡើយ។     


ដោយឧបាសក គុយ   សុធន


(សៀវភៅស្ត្រីក្នុងព្រះពុទ្ធសាសនាទំព័រ ៨៧)


Flag Counter

No comments: