១០- ឃើញថ្ងៃរះឥតស្គាល់ព្រះសុរិយា

វិញ្ញាណទាំងប្រាំចាំដឹងខ្ជាប់ខ្ជួន              មុខងាររៀងខ្លួន ពុំអាចលាយឡំ

តាមមុខងារពិតចិត្តជាអ្នកផ្សំ                  បើប្រើច្រឡំ ពុំសល់សំណៅ ។

ភ្នែកខំសម្លឹងឥតដឹងសំនៀង                  ត្រចៀកខំផ្ទៀង ឥតដឹងកម្តៅ

ច្រមុះខំហិតឥតដឹង ស ខ្មៅ                   អណ្តាតលិទ្ធទៅ ឥតដឹងរូបល្អ។

កាយប៉ះទន់រឹង ឥតដឹងផ្អែមប្រៃ              ប៉ះពាល់ដោយដៃ ឥតដឹងរសស្ករ

បើត្រូវទាំងប្រាំចិត្តចាំបន្ត                       ដឹងរសក្លិនពណ៌ សំឡេងញ័រភ័យ។

វិញ្ញាណទាំងប្រាំចាំតួនាទី                     នរជនសម្ភី ឥតភ្លេចស្មារតី

រៀនពិចារណាធម៌អាថបាលី                 ឱ្យយល់តាមន័យ ជាអនត្តា ។

ព្រោះភ្នែកមិនទៀងរូបក៏មិនទៀង       តើចិត្តឃើញទៀងបានដោយយ៉ាងណា

ចូរកុំប្រមាទសង្វាតសិក្សា                      ទើបកើតបញ្ញា រក្សាកុសល ។

ដោយអវិជ្ជាការពារបាំងបិទ                   ដឹងថាល្ហើយពិត តែឥតដឹងខ្យល់

អ្នកកើតតែងស្លាប់ជាច្បាប់កុំឆ្ងល់            ដឹងហើយគួរខ្វល់ រកផ្លូវយាត្រា។

រស់ខ្វះមង្គលឥតស្គាល់អ្វីល្អ                   រស់ឆ្ងាយព្រះធម៌ ឥតមានបញ្ញា

ឃើញតែថ្ងៃរះឥតស្គាល់សុរិយា          កើតទាន់សាសនា ឥតស្គាល់ធម្មរស។

ដោយឧបាសក គុយ   សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣៦)

Flag Counter

No comments: