៥៤- មានយសព្រោះមិនកន្លងធម៌


បុណ្យបាបបែងចែកបែកចេញពីគ្នា         បង្កើតបានជានាវាជីវិត

លើផ្ទៃជលសាប្រាថ្នាត្រើយពិត               សមុទ្រជុំជិតងងឹតបែកផ្សែង។

ជនណាប្រព្រឹត្តកន្លងព្រះធម៌                 ព្រោះចិត្តញាប់ញ័រកិលេសចាត់ចែង

ដោយស្រឡាញ់ស្អប់វង្វេងខ្លាចក្រែង    យសជននោះឯងតែងសាបសូន្យទៅ។

ប្រៀបដូចព្រះចន្ទរះខាងរនោច              ភ្លឺកាន់តែតូចយប់កាន់តែជ្រៅ

តាំងពីពេញវង់រហូតអស់ទៅ                 ពុំមានសល់នៅត្រូវបាត់ខ្លួនឯង។

ឯជនប្រព្រឹត្តឥតកន្លងធម៌                     ដ្បិតមិនញាប់ញ័រតាមលាភចាត់ចែង

ដោយស្រឡាញ់ស្អប់វង្វេងខ្លាចក្រែង       យសជននោះឯងរមែងផូរផង់ ។

ប្រៀបដូចព្រះចន្ទរាត្រីខាងខ្នើត              ភ្លឺកាន់តែឆើតរហូតពេញវង់

ពេញមួយរាត្រីភ្លឺថ្លាត្រចង់                     ហៅចន្ទពេញវង់ឬពេញបូណ៌មី ។

ដោយឧបាសក គុយ  សុធន

Flag Counter

No comments: