១២- កុំរកទោសគេ

សេពគប់នឹងល្បែងវិនាសតែងចាំ            ប្រព្រឹត្តចោរកម្មគុកចាំទទួល

ប្រព្រឹត្តមិនសមអារម្មណ៍មិនស្រួល         សតិប្រែប្រួល ដួលព្រោះស្រវឹង។

គួរសាងកុសលតម្កល់ចិត្តកាយ              រស់ដោយសប្បាយរំសាយកំហឹង

កុំឱ្យស្តាយក្រោយដោយថាមិនដឹង          បាបធ្ងន់យ៉ាងហ្នឹងគួរដឹងគួរវាង។

ខ្លួនទីពឹងខ្លួនតាមក្បួនតម្រា                   ព្រះធម៌ចែងថាជីវិតមិនទៀង

កុំអាងនៅក្មេងវង្វេងនឹងរាង                   បញ្ឆិតបញ្ឆៀងផ្ទៀងរកទោសគេ។

កំហុសខ្លួនឯងជាក់ស្តែងឥតស្តី               ទោសអ្នកដទៃរំពៃធំទ្វេ

ដំរីមួយស្លាប់បាំងនឹងចង្អេរ                    ជិតដែរឬទេគួរពិចារណា ។

កំហុសតែងមានចំពោះអ្នកធ្វើ                អ្នកអង្គុយមើលកុំចេះតែថា

គួរមានមេត្រីដោយក្តីមេត្តា                    ទៅតាមធម៌អាថដែលព្រះទូន្មាន។

ដោយឧបាសក គុយ   សុធន
(សៀវភៅជំនួយសតិភាគទី ៥ទំព័រ ២៣៨)

Flag Counter

No comments: