៣០- លាភៈប្រហារអ្នកល្ងង់

ធ្វើស្រែខែលិចកម្ទេចឆ្នាំងបាយ               ដាំពូជមហន្តរាយផ្សព្វផ្សាយអធម៌

បានផលជាទុក្ខមុខតែវឹកវរ                    អវិជ្ជាអូស ក ពុំមានថ្ងៃល្ហែ។

ឫស្សីផ្កាផ្លែស្លាប់ដើមវិនាស                    ស្រូវទុំដូចមាសត្រូវដាច់ពីស្រែ

 សុរិយារះខ្ពស់បាត់ពន្លឺខែ                  ខុសឥតកែប្រែគ្រោះថ្នាក់ខ្លាំងណាស់។

ដើមចេកស្លាប់ខ្លួនព្រោះតែទុំផ្លែ              កូនភ្លេចឪម៉ែព្រោះតណ្ហាក្រាស់

សង្ឃបង់វិន័យព្រោះតែឥតខ្មាស             ទ្រព្យប្រហារម្ចាស់ព្រោះឥតបញ្ញា។

លាភៈតែងទាក់ទម្លាក់មនុស្សល្ងង់           លាភទាញលិចលង់បាត់បង់អាត្មា

លាភចូលដល់ហើយឥតចេះរក្សា           លាភនាំសោកាព្រោះឥតគំនិត។

កាលនៅក្រទល់គិតខ្វល់ខំរក                 អំពើស្មោកគ្រោកពុំបានប្រព្រឹត្ត

លុះដល់មានលុយនាំបែកគំនិត              ចំអធម៌ពិតលាភមិត្តអបាយ ។

បើមិនប្រយ័ត្នលាភចាត់តាំងប្រើ             គិតថាគ្រាន់បើដ្បិតមានប្រាក់ចាយ

ភ្លើតភ្លើនមួយភ្លែតគិតថាសប្បាយ           រងទុក្ខវែងឆ្ងាយពុំងាយរួចឡើយ។

ដោយឧបាសក គុយ  សុធន
(សៀវភៅជំនួយសតិភាគទី ៥, ទំព័រ២៥៦)

Flag Counter

No comments: