៥៨- សុរិយាចន្ទ្រានិងព្រះធម្មា


បើដង្ហើមមានម្តេចបានជាស្លាប់              បើផ្លូវមានស្រាប់ម្តេចទៅមិនដល់

បើដឹងថាទាបម្តេចដកកំណល់               បើចេះឥតទាល់ម្តេចក៏ខុសញឹក។

បើចង់ត្រឹមត្រង់ម្តេចមិនរកខ្នាត              បើខ្លួនមិនស្អាតម្តេចមិនងូតទឹក

បើចេះតែភ្លេចម្តេចមិនរំលឹក                  ទូន្មានល្ងាចព្រឹកម្តេចធ្វើមិនឮ។

បើដឹងថាល្ងង់ម្តេចមិនរៀនគិត               ដឹងថាងងឹតម្តេចមិនបំភ្លឺ

បើត្រចៀកថ្លង់ម្តេចក៏ស្តាប់ឮ                  បើភ្នែកល្អភ្លឺម្តេចមើលមិនច្បាស់។

បើពេទ្យពូកែម្តេចមិនធូរស្បើយ              បើរៀបល្អហើយម្តេចមិនស្រឡះ

បើកិត្តិយសមានម្តេចឥតអៀនខ្មាស         បើដឹងថាខ្វះម្តេចមិនបង្គ្រប់។

សុរិយាបំភ្លឺត្រឹមតែពេលថ្ងៃ                    ចន្ទពេញបូណ៌មីបំភ្លឺពេលយប់

រីឯព្រះធម៌សែនល្អលើសលប់                បំភ្លឺថ្ងៃយប់ឥតបង់រស្មី។

បំភ្លឺដល់ជនដែលប្រព្រឹត្តល្អ                   គោរពព្រះធម៌សន្សំបារមី

រក្សាកិត្តិយសរស់នៅមានន័យ                ទោះចាប់ភពថ្មីក៏មិនងងឹត ។

ដោយឧបាសក គុយ   សុធន
                                         (សៀវភៅព្រះពុទ្ធភាសិត ៤៣ គាថា ទំព័រ៧៩)

Flag Counter

No comments: