៥៦- ដំណាំត្រូវភ្លៀងស្រដៀងធម៌ល្អ

ជីវិតអ្នកភ្នំជំរំកម្មករ                              ព្យាយាមដំថ្មលក់យកកម្រៃ

ប្រៀបដូចកណ្តៀរព្យាយាមរាល់ថ្ងៃ         ញាប់ទាំងជើងដៃពូនដំបូកថ្មី។

ជីវិតអ្នកស្រែអាស្រ័យលើទឹក                 ខំទាំងល្ងាចព្រឹកលើកភ្លឺទប់ដី

ប្រៀបដូចស្រមោចខំរកចំណី                 វស្សាឆ្នាំថ្មីមិនភ័យអត់ឃ្លាន។

ជីវិតទ្រុស្តធម៌វឹកវរឥតន័យ                    ពុំដែលគិតអ្វីអំពីសីលទាន

ប្រៀបដូចបក្សីជួបនុយលប់ព្រាន            សប្បាយបំពានគ្មានគិតរឿងក្ស័យ។

ជីវិតមានធម៌ល្អជាប្រចាំ                        ប្រៀបដូចដំណាំត្រូវភ្លៀងរាល់ថ្ងៃ

ត្រួយស្លឹករីកស្រស់គ្មានធូលីដី                រឿងចាស់រឿងថ្មីអ្នកផងចូលចិត្ត។

ពោលតែពាក្យពិតពាក្យដែលត្រូវធ្វើ        ដូចឈើផ្កាច្រើនចម្រើនផ្លែពិត

អ្នកផងប៉ងជួបទោះនៅឆ្ងាយជិត            រាប់រកជាមិត្តដោយចិត្តជ្រះថ្លា។

បានជួបម្តងៗរីករាយសប្បាយ               ទុក្ខសោករសាយធូរពីកាយា

ដូចបានឱសថដែលចិត្តប្រាថ្នា                ព្យាបាលរោគាជាយូរមកហើយ ។

ដោយឧបាសក គុយ   សុធន


Flag Counter

No comments: