៩១- ស្តាយណាស់

ស្តាយអើយសែនស្តាយ ខំស្កាត់ពីឆ្ងាយ               មករកព្រះអង្គ

តែពុំបានជួប                 ដូចចិត្តដែលចង់            ដ្បិតអីព្រះអង្គ

ទ្រង់និព្វានហើយ។

ស្តាយអើយសែនស្តាយ ពីនាយដល់អាយ        កាយចិត្តឥតស្បើយ

ទោះព្រះអានន្ទ             ក៏ពុំឃើញឡើយ          ព្រះគុណម្ចាស់អើយ

និមន្តទៅណា។

ស្តាយអើយសែនស្តាយ យើងខ្ញុំទាំងឡាយ        មានចិត្តជ្រះថ្លា

ចង់ឃើញសាវក            ជាក់នឹងនេត្រា               តែក្តីប្រាថ្នា

ត្រូវអសារបង់។                      

ស្តាយអើយសែនស្តាយ កុដិវត្តទាំងឡាយ         ពុំឃើញព្រះសង្ឃ

ឃើញតែស្នាមគ្រឹះ        កម្ទេចសំណង់               ចិត្តស្លុតស្រយង់

ស្រយុតអង្គប្រាណ។

តែទោះយ៉ាងណា          ត្រូវយល់ដឹងថា             លាភធំដែលបាន

មកដល់កន្លែង               នៃព្រះពុទ្ធស្ថាន             ព្រះអង្គធ្លាប់បាន

គង់អាស្រ័យនៅ។

សូមថ្វាយបង្គំ                ពុទ្ធស្ថានលើភ្នំ               និគមព្រៃជ្រៅ

ដែលព្រះអង្គធ្លាប់          គង់អាស្រ័យនៅ            ទោះបីខ្ញុំទៅ

មិនដល់ក៏ដោយ។

សូមមហាកុសល           ដែលបានតម្កល់            ទុកក្នុងចិត្តហើយ

សូមជួយរុញច្រាន         ឆាប់បានដល់ត្រើយ     កុំបីខានឡើយ

ដូចក្តីប្រាថ្នា។

សូមឧទ្ទិសផល              គោរពជូនដល់              មាតាបិតា

ដល់ញាតិសន្តាន          ក្នុងវដ្តសង្សារ                ទាំងគ្រូអាចារ្យ

ឧបជ្ឈាយ៍ទាំងឡាយ។

ទោះរស់ជុំញាតិ            ឬស្លាប់បែកឃ្លាត         ចាប់ជាតិជិតឆ្ងាយ

សូមបានអាហារ            បរិក្ខារទាំងឡាយ         រីករាយសប្បាយ

នឹងបុណ្យកុសល។

ដែលយើងខ្ញុំបាន           ធ្វើទាំងប៉ុន្មាន                ឧទ្ទិសជូនដល់

សូមឱ្យបានសុខ             ផុតទុក្ខកង្វល់                 លុះបានមគ្គផល

ដល់ព្រះនិព្វាន។

ដោយឧបាសក គុយ  សុធន


( សៀវភៅជំនួយសតិភាគទី ១២ ទំព័រ ១៣៥)

Flag Counter

No comments: